ប៉ូលិសទីក្រុងហូជីមិញ ប្រទេសវៀតណាម បានបង្ក្រាបក្រុមអ្នកចិញ្ចឹម និងលក់សាច់ជ្រូកដែលប្រើសារធាតុហាមឃាត់ ប្រភេទ Salbutamol ដើម្បីបង្កើនទម្ងន់ និងជ្រូកស្គមៗឲ្យឆាប់មានសាច់។ ការស៊ើបអង្កេតបឋមរកឃើញថា សាច់ជ្រូកដែលពាក់ព័ន្ធជាង ១ម៉ឺនតោន ត្រូវបានបញ្ចេញទៅទីផ្សារ ចាប់តាំងពីខែមករា ឆ្នាំ២០២៦។ នេះបើតាម Tuoi Tre News ចេញផ្សាយថ្ងៃទី៥ ខែតុលា។

អាជ្ញាធរបានចោទប្រកាន់ជនសង្ស័យ ៩នាក់ ពាក់ព័ន្ធនឹងបទល្មើសសុវត្ថិភាពចំណីអាហារ ការជួញដូរទំនិញហាមឃាត់ ការផ្តល់សំណូក និងការទទួលសំណូក។ បណ្ដាញលក់នេះពាក់ព័ន្ធនឹងកសិដ្ឋាន និងទីតាំងជាច្រើននៅតំបន់ភាគខាងត្បូងវៀតណាម ដោយទីក្រុងហូជីមិញជាទីផ្សារសំខាន់សម្រាប់ចែកចាយសាច់ជ្រូកដែលពួកគេផលិត។
ករណីនេះត្រូវបានរកឃើញកាលពីចុងខែកក្កដា បន្ទាប់ពីប៉ូលិសត្រួតពិនិត្យរថយន្តដឹកជ្រូក ៣គ្រឿង ដែលដឹកជ្រូកសរុប ២៨០ក្បាល ហើយសុទ្ធតែរកឃើញមានសារធាតុ Salbutamol។ ក្នុងនោះ ជ្រូក ៨០ក្បាល ក៏មានផ្ទុកមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកផងដែរ។ បន្ទាប់មក ប៉ូលិសបានឆែកឆេរកសិដ្ឋាន និងទីតាំងចំនួន ១៤កន្លែង និងរកឃើញជ្រូក ៣ ៩០៩ក្បាល ទម្ងន់សរុបជាង ៥០០តោន ដែលមានសារធាតុហាមឃាត់ ហើយត្រូវបានកម្ទេចចោល។
ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានរឹបអូសសារធាតុ Salbutamol ជាង ១តោន ដែលតាមការស៊ើបអង្កេត អាចយកទៅលាយជាមួយចំណីសត្វបានជាង ៣ ០០០តោន។ ជនសង្ស័យត្រូវបានចោទថាពួកខ្លួន បានផ្អាកប្រើសារធាតុនេះប្រហែល ១០ថ្ងៃមុនពេលនាំជ្រូកទៅសម្លាប់ ហើយប្រើថ្នាំបន្សាបជាតិពុលថ្លើម ឬអេឡិចត្រូលីត ដើម្បីព្យាយាមឱ្យលទ្ធផលតេស្តមិនរកឃើញសារធាតុហាមឃាត់។
ប៉ូលិសកំពុងបន្តស៊ើបអង្កេត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ និងអ្នកចែកចាយបន្ថែម។ អាជ្ញាធរក៏បានអំពាវនាវឱ្យកសិដ្ឋាន រោងសត្តឃាត អ្នកលក់ដុំតាមផ្សារ និងអ្នកប្រើប្រាស់ ពិនិត្យប្រភពជ្រូកឱ្យបានច្បាស់ និងជៀសវាងសាច់ជ្រូកដែលមិនមានប្រភពដើមច្បាស់លាស់៕
ប្រភព៖ Tuoi Tre News
ដោយ៖ តារា