ទំព័រដើម/ជីវិត និងសង្គម/កាហ្វេ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺថ្លើម​និង​មហារីក​ថ្លើម​
ជីវិត និងសង្គម

កាហ្វេ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺថ្លើម​និង​មហារីក​ថ្លើម​

ពង្រីកអក្សរ:
កាហ្វេ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺថ្លើម​និង​មហារីក​ថ្លើម​

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំថ្មីមួយ បានបង្ហាញឱ្យឃើញថា ការញ៉ាំកាហ្វេរាល់ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺថ្លើម និងមហារីកថ្លើមបានយ៉ាងច្រើន ទោះបីជាញ៉ាំមួយពែងឬដល់ទៅប្រាំពែងក្នុងមួយថ្ងៃក៏ដោយ។ ការសិក្សានេះត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ Clinical Gastroenterology and Hepatology ដោយអ្នកស្រាវជ្រាវបានធ្វើការតាមដានទៅលើស្ថានភាពសុខភាពរបស់អ្នកចូលរួមជាង ៣៥៤ ០០០ នាក់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ (ជាមធ្យម ១៣ ឆ្នាំ)។

លោកវេជ្ជបណ្ឌិត ហ៊្យុនសុក គីម (Dr. Hyunseok Kim) ឯកទេសខាងការប្តូរថ្លើមនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cedars-Sinai ក្នុងទីក្រុង Los Angeles និងជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានមានប្រសាសន៍ថា៖ «នេះប្រហែលជាទិន្នន័យតាមដានរយៈពេលវែងដ៏ទូលំទូលាយបំផុត អំពីផលប៉ះពាល់នៃកាហ្វេមកលើថ្លើម។ យើងសង្កេតឃើញថា អត្ថប្រយោជន៍ចំពោះថ្លើមបានពីកាហ្វេ គឺមិនមែនមកពីសារធាតុកាហ្វេអ៊ីន (Caffeine) នោះទេ ព្រោះយើងឃើញមានអត្ថប្រយោជន៍ស្រដៀងគ្នានេះដែរ ចំពោះអ្នកដែលចូលចិត្តញ៉ាំកាហ្វេគ្មានជាតិកាហ្វេអ៊ីន (Decaffeinated coffee)។ ដូច្នេះ វាហាក់ដូចជាមានទំនាក់ទំនងកាន់តែខ្លាំងជាមួយនឹងឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម (Anti-oxidative effect) របស់កាហ្វេវិញ»។

នៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានវាស់វែងលើអត្រានៃការកើតជំងឺក្រិនថ្លើមដែលជាការខូចខាតថ្លើមជាអចិន្ត្រៃយ៍បង្កឡើងដោយជំងឺថ្លើមរ៉ាំរ៉ៃជាច្រើន (ដូចជាជំងឺខ្លាញ់រុំថ្លើម រលាកថ្លើមដោយវីរុស និងការខូចថ្លើមដោយសារគ្រឿងស្រវឹង)។ បច្ចុប្បន្ន ជំងឺក្រិនថ្លើមនេះកំពុងប៉ះពាល់ដល់មនុស្សជាង ៥៨ លាននាក់ និងសម្លាប់មនុស្សជិត ១,៥ លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ។ ចំណែកឯមហារីកថ្លើមប្រភេទ Hepatocellular carcinoma ដែលគេបានយកមកវាស់វែងក្នុងការសិក្សានេះដែរ គឺជាប្រភេទមហារីកថ្លើមទូទៅបំផុត ដែលបានសម្លាប់មនុស្សអស់ជាង ៥៩៧ ០០០ នាក់ក្នុងមួយឆ្នាំៗជាសកល។

ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីយន្តការជីវសាស្ត្រនៅពីក្រោយរឿងនេះ អ្នកស្រាវជ្រាវក៏បានពិនិត្យលើលទ្ធផលស្កែន MRI ថ្លើមរបស់អ្នកចូលរួមប្រហែល ២៩ ០០០ នាក់ និងវិភាគសំណាកឈាមរបស់អ្នកចូលរួមជាង ៤៤ ០០០ នាក់បន្ថែមទៀត។ ជាលទ្ធផល ពួកគេបានរកឃើញថា អ្នកដែលញ៉ាំហ្វេច្រើនមានកម្រិតខ្លាញ់ក្នុងថ្លើមតិច ជាតិដែកក្នុងថ្លើមទាប និងមានសញ្ញានៃការរលាក ឬការកកើតជាសម្លាកលិកា តិចជាងអ្នកមិនញ៉ាំកាហ្វេ។ នៅក្នុងឈាមរបស់អ្នកញ៉ាំហ្វេ គេសង្កេតឃើញថា ប្រូតេអ៊ីន «ល្អ» ដែលជួយការពារ និងស្តារមុខងារថ្លើមមានការកើនឡើង ចំណែកឯប្រូតេអ៊ីន «អាក្រក់» ដែលបង្កការរលាក និងការក្រិនថ្លើម បែរជាថយចុះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានសង្កត់ធ្ងន់ថា លទ្ធផលនេះមិនមែនជាការជំរុញឱ្យមនុស្សគ្រប់គ្នាបង្ខំដុតដៃដុតជើងញ៉ាំកាហ្វេឱ្យបានច្រើនហួសប្រមាណនោះទេ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាសុខភាពផ្សេងទៀតដែលមិនត្រូវនឹងជាតិកាហ្វេអ៊ីន។ ម្យ៉ាងវិញទៀត ការបន្ថែមស្ករ ឬសារធាតុផ្អែមសិប្បនិម្មិត អាចនឹងធ្វើឱ្យឥទ្ធិពលវិជ្ជមានរបស់កាហ្វេមានការថយចុះ។

លោកវេជ្ជបណ្ឌិតបានរំលឹកថា កាហ្វេគ្រាន់តែជាចំណែកមួយដែលអាចរួមចំណែកជួយដល់សុខភាពថ្លើមតែប៉ុណ្ណោះ វាមិនអាចជំនួសឱ្យការរស់នៅប្រកបដោយសុខភាពល្អ ដូចជាការគ្រប់គ្រងទម្ងន់ខ្លួន ការកាត់បន្ថយ ឬផ្អាកគ្រឿងស្រវឹង ការហាត់ប្រាណឱ្យបានទៀងទាត់ និងការតាមដានកម្រិតជាតិស្ករ កូលេស្តេរ៉ុល និងសម្ពាធឈាមនោះឡើយ៕

ប្រភព៖ CNN

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...
ជីវិត និងសង្គម
6h ago•1 min read•0

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក «យុទ្ធនាការឆន្ទៈល្អលើកទី២» នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាភ...

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
1d ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
1d ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...